សំបុត្រមួយច្បាប់ពីប្រពន្ធលក់ប្រហិត ផ្ញើរជូនលោកប្ដីរៀនចប់បរិញ្ញាប័ត្រដែលអត់ការងារធ្វើ អានហើយក្អួតឈាមជាដុំៗម៉ង
“ខ្ញុំរៀនចប់មហាវិទ្យាល័យទាំងមូល ឲ្យទៅធ្វើកម្មកររោងចក្រ? មនុស្សស្រីដូចឯងមិនយល់ទេ លំដាប់ខ្ញុំត្រូវធ្វើការនៅក្រុមហ៊ុនធំៗ”។ ឈៀង មិនពេញចិត្ត ក៏បែរខ្នងដាក់ប្រពន្ធហើយដេកទៅ។
“ឈៀង ខ្ញុំទៅលក់ឥវ៉ាន់ត្រលប់មកវិញយប់ព្រលប់ ឯងនៅផ្ទះជួយធ្វើបាយល្ងាចផងបានអត់?” ម៉ាលីនិយាយទៅកាន់ប្ដីដែលកំពុងលេងហ្គេមកុំព្យូទ័រ ខណៈដែលនាងកំពុងរៀបចំអាហារពេលល្ងាច ក្រោយមកពីលក់ឥវ៉ាន់ហត់នឿយពេញមួយថ្ងៃ។
“ខ្ញុំជាប្រុសដែលត្រូវធ្វើតែរឿងធំដុំ រឿងធ្វើម្ហូបលក់ដូរគឺជារឿងរបស់មនុស្សស្រីដូចឯង កុំមកលើកឲ្យខ្ញុំ”។ ឈៀងនិយាយដោយមិនសូម្បីតែបែរខ្នងមកមើលប្រពន្ធ និងនៅតែលេងហ្គេមបន្ត។
តែម៉ាលីក៏នៅតែបន្ត៖ “អីចឹងពេលថ្ងៃត្រង់ ឯងមកជួយខ្ញុំលក់ដូរទៅ ឥលូវនេះអ្នកទិញច្រើនណាស់ ខ្ញុំលក់ម្នាក់ឯងមិនទាន់ទេ យើងពីរនាក់ប្ដីប្រពន្ធជួយលក់គ្នា វានឹងឆាប់រីកចម្រើន”។ ជាការពិត នាងចង់ឲ្យឈៀងមកជួយ ជាពិសេសនៅពេលដែលគេរកការងារមិនទាន់បាន ដូច្នេះបើពីរនាក់ប្ដីប្រពន្ធមកជួយលក់ដូរធ្វើឲ្យហាងតូចៗអាចក្លាយជាហាងធំបាន ក៏ជារឿងល្អ។
ប៉ុន្តែពាក្យសម្ដីរបស់នាងមិនអាចធ្វើឲ្យប្ដីងាកមកចាប់អារម្មណ៍ឡើយ គេស្ដាប់ត្រចៀកស្ដាំ ចេញវិញតាមត្រចៀកឆ្វេង៖ “ហ៊ើយ! តូបឯងគ្រាន់តែជាតូបតូចតាច ខ្ញុំជានិស្សិតរៀនដល់មហាវិទ្យាល័យ មកលក់អីតូបតូចកំប៉ិកកំប៉ុកអីចឹងនោះ”។
ម៉ាលីសំឡឹងមើលពីក្រោយខ្នងប្ដីដែលវក់តែនឹងលេងហ្គេម នាងហាមាត់បម្រុងនឹងនិយាយត តែក៏ឈប់ទៅវិញ… រយៈពេលកន្លងមក ឈៀងនៅតែផ្ទះ រង់ចាំឱកាសមាសឱកាសប្រាក់របស់គេ ហើយម៉ាលីក៏មិនដែលនឹងនិយាយរឿងនេះជាមួយគេទៀតឡើយ នាងចេញទៅលក់ដូរនៅតូបរបស់នាងពីពេលថ្ងៃ ដល់ពេលយប់ត្រលប់មកវិញក៏ត្រូវធ្វើការងារផ្ទះ ដែល ឈៀងមិនដែលជួយ នាងនឿយហត់រហូតដាក់ក្បាលដល់ខ្នើយក៏ដេកលក់ភ្លាមៗ ចំណែកប្ដីបើមិនបានលេងកុំព្យូទ័រក៏ចេញទៅក្រៅផឹកស្រាជាមួយមិត្តភ័ក្ដិ។
រហូតដល់ថ្ងៃមួយឈៀងបានឮថា ប្រហិតត្រីរបស់ម៉ាលីបានទាក់ចិត្តអ្នកជំនួញធំដុំម្នាក់ ហើយម៉ាលីកំពុងក្លាយជាម៉ូយបោះដុំម្នាក់សម្រាប់ក្រុមហ៊ុននោះ គេក៏ប្រញាប់ទៅផ្ទះទៅពិភាក្សាជាមួយនាងភ្លាម។
“អាលី មានអ្នកមកប្រាប់បងថាមានអ្នករកស៊ីធំមកចាប់អារម្មណ៍ប្រហិតត្រីអូនឯង ហើយអូនឯងកំពុងលក់ឲ្យគេរាល់ថ្ងៃដែរ”
“អ៊ឺម ហើយយ៉ាងម៉េច?” នាងឆ្លើយទាំងបែរខ្នង ដោយកំពុងរៀបចំអាហារពេលល្ងាច
“នោះគឺក្រុមហ៊ុនធំ ដូច្នេះអូនជួយណែនាំឲ្យបងចូលធ្វើតិចទៅ វាជាឱកាសល្អសម្រាប់បងហើយ” ឈៀងកាន់តែនិយាយកាន់តែសប្បាយចិត្ត គេគិតថាឱកាសរបស់គេមកដល់ហើយ។
“ឯងមានជំនាញខាងផ្នែកផលិតឬអត់ចុះ?”
“អត់ទេ”
“ឯងមានបណ្ដាញច្រើនអត់?”
“គ្មានទេ”
“ឯងមានបទពិសោធន៍ផ្នែកគ្រប់គ្រងអត់?”
“អត់ទេ”
ម៉ាលីក៏បែរខ្នងមក “អីចឹងក្រុមហ៊ុនគេយកឯងទៅធ្វើស្អី?”
“ខ្ញុំរៀបចប់មហាវិទ្យាល័យ ខ្ញុំធ្លាប់រៀននៅមហាវិទ្យាល័យ”
មិនយូរប៉ុន្មានក្រោយពីនោះ ឈៀងក៏ទទួលបានលិខិតសុំលែងលះពីភរិយា។ ខាងក្នុងមានក្រដាសតូចមួយសន្លឹកដែលមានពាក្យសម្ដីរបស់ម៉ាលី៖
“ឯងចេះធ្វើម្ហូបអត់? អត់ចេះ
ឯងធ្លាប់ធ្វើការងារផ្ទះអត់? អត់ធ្លាប់
ឯងធ្លាប់យល់ថាប្រពន្ធដូចខ្ញុំលំបាកប៉ុណ្ណាអត់? អត់
ឯងធ្លាប់ទទួលខុសត្រូវអីក្នុងគ្រួសារអត់? អត់
ខ្ញុំជាមនុស្សស្រី ជាប្រពន្ធរបស់ឯង ពេលដែលខ្ញុំធ្វើការហត់នឿយក៏ចង់ឲ្យឯងមកជួយសម្រាល តែឯងបែរជារវល់តែលេងហ្គេម បែរជាទៅផឹកជាមួយមិត្តភ័ក្ដិ។
ខ្ញុំធ្វើការផ្ទះហត់សែនហត់ តែឯងបែរជានិយាយថានេះជាតួនាទីរបស់ខ្ញុំតែម្នាក់ឯង។
ឈៀង ការងារល្អៗរង់ចាំយូរៗក៏គ្មាន ចិត្តខ្ញុំក៏ដូចគ្នា
បើធ្វើការរកលុយចិញ្ចឹមគ្រួសារជានាទីខ្ញុំ ធ្វើការងារផ្ទះជានាទីខ្ញុំ គ្រួសារនេះមិនបាច់មានឯងទេ ឯងមិនស័ក្ដិសមនឹងតំណែង “ស្វាមី” តទៀតឡើយ”។
ក្នុងជីវិតរបស់មនុស្សយើង៖
រឿងតូចៗគ្រប់រឿងក្នុងថ្ងៃនេះនឹងអាចក្លាយជារឿងធំរបស់អ្នកក្នុងថ្ងៃអនាគត ដូច្នេះហើយមិនថារឿងការងារឬរឿងគ្រួសារ
អ្នកត្រូវចេះ៖
– “ប្រកែក” តិច “ធ្វើ” ច្រើន
– “រអ៊ូ” តិច “ព្យាយាម” ច្រើន
– “សប្បាយ” តិច “លំបាក” ច្រើន
ត្រូវចាំទុក៖
– អ្នកលក់ដែលមិនឧស្សាហ៍ នឹងត្រូវគេដណ្ដើមអតិថិជន
– បុគ្គលិកដែលមិនឧស្សាហ៍ នឹងត្រូវបុគ្គលិកថ្មីដណ្ដើមតំណែង
– ថៅកែដែលមិនឧស្សាហ៍ នឹងត្រូវគូរប្រជែងនាំមុខហើយ
មិនថាជាមនុស្សស្រីឬមនុស្សប្រុស ចង់ឲ្យចាំទុកថា បើអ្នកមិនធ្វើនឹងមានគេធ្វើជំនួសអ្នក អ្នកមិនព្យាយាមនឹងមានអ្នកកំពុងព្យាយាម អ្នកមិនខ្នះខ្នែង នឹងមានអ្នកមកឆ្កឹះអ្នកចេញ ហើយគេនឹងក្ដាប់តំណែងរបស់អ្នក។ រៀនធ្វើការងារដែលនៅចំពោះមុខ អ្នកគ្រាន់តែទទួលខុសត្រូវក្នុងការព្យាយាម ជោគវាសនានឹងជាអ្នកសម្រេចសម្រាប់អ្វីដែលនៅសល់ ៕
ប្រភព៖ Liekr



Comments
Post a Comment